(រូបថតក្នុងឆ្នាំ២០១៩ ដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់។ ក្នុងអំឡុងពេលជួបជាមួយលោក ឆាំង យុ នាពេលនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានពិនិត្យ និងពិភាក្សា១) សៀវភៅបោះពុម្ពដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានចំណងជើងថា “ការសម្លាប់រង្គាលនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ទិដ្ឋភាពទូទៅសម្រាប់ការបង្រៀននៅក្នុងថ្នាក់រៀននៅកម្ពុជា” និង២) ប្លង់ស្ថាបត្យកម្មសម្រាប់ការសាងសង់ ព្រះរាជបណ្ណាល័យហ្លួងម៉ែ រចនាដោយវីរស្ថាបត្យករដែលទទួលពានរង្វាន់លំដាប់ពិភពលោក គឺអ្នកស្រី ហ្សាហា ហាឌីដ។
ស្ថាប័នរដ្ឋាភិបាលទាំងអស់ ទាំងយោធា និង ស៊ីវិល ត្រូវតែគាំទ្រការងារអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ។ យើងត្រូវតែធានាថា ការបង្រៀនប្រវត្តិសាស្រ្ត ត្រូវបានដាក់បញ្ចូលយ៉ាងត្រឹមត្រូវ នៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និង ឯកជន ចាប់ពី អនុវិទ្យាល័យរហូតដល់សាកលវិទ្យាល័យ ហើយគ្រូបង្រៀនទាំងអស់របស់យើង អាចចូលរួមជាកម្លាំង ដើម្បីផ្សព្វផ្សាយការអប់រំពីអំពើប្រល័យពូជសាសន៍ នៅក្នុងសាលារៀនទូទាំងប្រទេស។ ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្ត្រនោះទេ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្រ្តខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។ យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និង ជំនាន់ផ្សេងគ្នារួមមាន តាមរយៈសិល្បៈ មាតិកាឌីជីថល ឬ គំនូរជីវចល ជាដើម។
យើងចាំបាច់ត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជារបស់កាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ។ សន្និសីទថ្ងៃនេះ គឺជាគំរូដ៏ប្រសើរ នៃកិច្ចសហប្រតិបត្តិការល្អ និង សាមគ្គីភាព រវាងតួអង្គពាក់ព័ន្ធផ្សេងៗ។ ខ្ញុំសូមអរគុណដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលបានជួយរាជរដ្ឋាភិបាល ក្នុងការដាក់បញ្ចូលការបង្រៀនអំពីប្រវត្តិសាស្រ្តនៃអំពើប្រល័យពូជសាសន៍ ទៅក្នុងការអភិវឌ្ឍវិជ្ជាជីវៈ និង ស្ថាប័ន និង សម្រាប់សកម្មភាពផ្សព្វផ្សាយក្នុងមជ្ឈដ្ឋានជាតិ និង អន្តរជាតិ ដោយប្រើប្រាស់ប្រវត្តិសាស្រ្ត ដើម្បីត្រិះរិះពិចារណា និង បំផុសគំនិត សម្រាប់អនាគតកម្ពុជា។
សម្រង់ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» ដែលប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
ការពារ និងឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព
ថ្ងៃទី ២០-២២ ខែឧសភា ឆ្នាំ ២០២៤
សាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក
នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ
(អតីតសាលសវនាការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា)
រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
ភាសាប្រើប្រាស់ក្នុងអង្គសន្និសីទ៖ ខ្មែរ និងអង់គ្លេស (បកប្រែប្រដេញ)
សន្និសីទនេះរៀបចំដោយ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
មជ្ឈមណ្ឌលឯកសារកម្ពុជា និងសាលាច្បាប់ប៊ីសលី នៃសាកលវិទ្យាល័យថេមផល សហរដ្ឋអាមេរិក
គាំទ្រដោយ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ
សន្និសីទមានការឧបត្ថម្ភពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិនៅកម្ពុជា
អំណះអំណាង៖ ទស្សនៈ, ការរកឃើញ និងសេចក្តីសន្និដ្ឋាន បង្ហាញនៅក្នុងគេហទំព័រនេះ គឺជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈ, ការរកឃើញ និងសេចក្តីសន្និដ្ឋានរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិនោះទេ។
ទស្សនាទាន និងគោលបំណង
ប្រវត្តិសាវតារ
រយៈពេលជិត៥០ឆ្នាំមុន នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅប្រទេសកម្ពុជា។ របបនេះបានរក្សានូវប្រព័ន្ធគ្រប់គ្រងនយោបាយ តាមរយៈការប្រើប្រាស់អំពើហិង្សាឃោរ ឃៅ ដោយបានធ្វើទុក្ខបុកម្នេញ ក្នុងចេតនាបំផ្លាញ ជាពិសេសទៅលើជាតិពន្ធុ ជនជាតិភាគតិច ព្រះសង្ឃ បុព្វជិត និងបញ្ញវន្ត។ សង្គមកម្ពុជា ត្រូវបានទទួលរងផលប៉ះពាល់ដោយការបំផ្លិចបំផ្លាញ៖ ប្រជាជនកម្ពុជា ប្រមាណមួយភាគបីត្រូវបានសម្លាប់ឬបាត់បង់ជីវិតដោយសារភាពអត់ឃ្លានក្រោមរបបខ្មែរក្រហម។ សូម្បីតែបន្ទាប់ពីរបបនេះបានដួលរលំទៅយ៉ាងណាក៏ដោយ ជម្លោះក្នុងប្រទេស និងការដាក់ឲ្យនៅឯកោដោយ សហគមន៍អន្តរជាតិ នៅបន្តកើតមានដែលបាននាំមកនូវគ្រោះទុរ្ភិក្ស អស្ថិរភាពនយោបាយ និងការរងទុក្ខវេទនាហួសប្រមាណ របស់ប្រជាជនកម្ពុជាអស់រយៈពេលជិតសែសិបឆ្នាំ។
ប្រជាជនកម្ពុជាប្រមាណជាងប្រាំលាននាក់បានរស់រានមានជីវិតពីរបបខ្មែរក្រហម។ តាមការស្រាវ ជ្រាវលើបញ្ហាប្រឈមសុខភាពផ្លូវចិត្ត ដែលបណ្ដាលមកពីការប៉ះទង្គិចផ្លូវចិត្តនៅក្នុងសង្គមក្រោយជម្លោះរួមទាំងការស្ទង់មតិហ្មត់ចត់មួយនៅប្រទេសកម្ពុជា បានរកឃើញថាមានការកើនឡើងយ៉ាងខ្លាំងនៃបញ្ហាស្ថានភាពសុខភាពផ្លូវចិត្តនិងផ្លូវកាយ ដែលបណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្ត របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមទាំងនេះឱ្យបានកាន់តែច្បាស់ មជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រមូលព័ត៌មានពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមចំនួនបីម៉ឺនមួយពាន់នាក់ដោយរកឃើញ ថា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមភាគច្រើន មានជំងឺលើសឈាម ជំងឺបេះដូង ជំងឺក្រពះ ពោះវៀន និងជំងឺផ្លូវចិត្តដែលអាចបណ្តាលមកពីការប៉ះទង្គិចផ្លូវចិត្ត ដោយសាររបបខ្មែរក្រហម និងផលវិបាកនៃរបបនេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺចំនួនជិត៩០ភាគរយ នៃការស្ទង់មតិបង្ហាញថាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមបានបន្តចងចាំនូវរឿងរ៉ាវ ដ៏គួរឱ្យសោកសង្រេងកាលពី សម័យប៉ុល ពត ហើយមួយភាគបួន នៅតែយល់សុបិនអាក្រក់ទាក់ទងទៅនឹងបទពិសោធន៍របស់ខ្លួនអស់រយៈកាលជាង៤០ឆ្នាំកន្លងទៅនេះ។
ការសិក្សាស្រាវជ្រាវនេះបានចង្អុលបង្ហាញអំពីការរកឃើញ ដែលមានសារសំខាន់ចំពោះអនាគតរបស់ប្រទេសកម្ពុជា៖ ការប៉ះទង្គិចផ្លូវចិត្តដោយសាររបបខ្មែរក្រហម និងបញ្ហាសុខភាព នៅតែបន្តជះឥទ្ធិពលមកលើប្រជាជនកម្ពុជាជាច្រើន គឺទៅលើអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងកូនចៅប្រុសស្រី ព្រមទាំងទៅលើសហគមន៍ថែមទៀតផង។ ការប៉ះទង្គិចផ្លូវចិត្តដែលមិនទាន់ទទួលការព្យាបាលបង្កឡើងដោយវិនាសកម្មឥតគណនានេះអាចជាឫសគល់នៃអាកប្បកិរិយាព្រៃផ្សៃនានាដូចជាការសេពគ្រឿងញៀន និងគ្រឿងស្រវឹង និងអំពើហិង្សាក្នុងគ្រួសារជាដើម។ បញ្ហាប្រឈមនៃការបន្សល់ទុកការប៉ះទង្គិចផ្លូវចិត្ត និងសតិអារម្មណ៍ពីសម័យ ប៉ុល ពត អាចបង្កជាផលប៉ះពាល់ចំពោះប្រទេសជាតិនៅក្នុងកម្រិតបុគ្គល និងស្ថាប័នជារួម។
នៅប្រទេសកម្ពុជា គ្រាប់មីនដើរតួនាទីជាការរំឭកអំពីប្រវត្តិសាស្ត្រពោរពេញទៅដោយជម្លោះរបស់ខ្លួន។ ប្រជាជនកម្ពុជារាប់ពាន់នាក់បានបាត់បង់ជីវិត ឬរងរបួសដោយសារការជាន់មីននៅពេលដែលធ្វើដំណើរនៅតាមទីជនបទ ដោយពុំបានដឹងអំពីវត្តមាននៃយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបង្កប់នៅក្រោមដី។ដោយពុំអាចមើលឃើញដោយភ្នែករបស់យើង បញ្ហាផ្លូវចិត្តដែលជាលទ្ធផលពីប្រវត្តិសាស្ត្រជូរចត់របស់ កម្ពុជា ប្រសិនបើបណ្តោយដោយពុំបានព្យាបាលត្រឹមត្រូវ គឺអាចបង្កហានិភ័យប្រហាក់ប្រហែលទៅនឹងគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះអស់ទាំងនេះដែរ។ កេរដំណែលនៃវិបត្តិផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា បានបង្កជាផលប៉ះពាល់អវិជ្ជមានចំពោះអត្តសញ្ញាណបុគ្គល ក្រុមគ្រួសារ និងសម្ព័ន្ធភាពសហគមន៍ ព្រមទាំងចំពោះជំនឿនានា តាមរយៈអាកប្បកិរិយា ឬសកម្មភាពគំរាមកំហែងជាដើម។ ផលប៉ះពាល់ទាំងនេះ អាចជះឥទ្ធិពលដល់ផ្នត់គំនិតរបស់សង្គមចំពោះ សេវាសាធារណៈ ទំនៀមទម្លាប់សង្គម និងច្បាប់។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តថាតើយើងគួរដោះស្រាយបញ្ហាប្រឈមសុខភាពផ្លូវចិត្ត និងផ្លូវកាយ ដែលកើតចេញពីរបបខ្មែរក្រហម ដោយរបៀបណា នឹងជះឥទ្ធិពល ដល់អនាគតរបស់ប្រជាជនកម្ពុជា ក្នុងកម្រិតបុគ្គល និងសង្គមកម្ពុជា។
សន្និសីទនេះ នឹងបង្ហាញអំពីតួនាទីនៃការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅ និងការថែទាំសុខភាពផ្លូវចិត្តនិងផ្លូវកាយ ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងអំពើប្រល័យពូជសាសន៍។ ការអប់រំអំពីការប្រព្រឹត្តឧក្រិដ្ឋកម្មឃោរឃៅគឺមានសារសំខាន់ណាស់ក្នុងការធានាថាបុគ្គល និងសង្គមយល់ដឹងអំពីអតីតកាលរបស់ខ្លួន។ ចំណេះដឹងនេះ រួមជាមួយនឹងការយល់ដឹងអំពីផលប៉ះពាល់ដែលកំពុងបន្តដេាយឧក្រិដ្ឋកម្មទាំងនេះ គឺជាជំហានដំបូងដ៏សំខាន់ ក្នុងការបណ្តុះគំនិត និងការយកចិត្តទុកដាក់ដ៏ចាំបាច់ដើម្បីទប់ស្កាត់កាលៈទេសៈនានា ដែលអាចបង្កឱ្យមានគ្រោះថ្នាក់នាពេលអនាគត។ ការអប់រំប្រកបដោយជោគជ័យ អំពីឧក្រិដ្ឋកម្មឃោរឃៅទាមទារឱ្យមានការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងស្ថាប័នសង្គមស៊ីវិល។
គោលបំណង
សន្និសីទនេះ មានគោលបំណងបង្កើតជាសហគមន៍ចម្រុះជាតិសាសន៍ ដោយប្រមូលផ្តុំអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេសក្រោយជម្លោះ ដែលអាចចែករំលែកគំនិតច្នៃប្រតិដ្ឋនិងការអនុវត្តល្អបំផុតដើម្បីធ្វើការរួមគ្នាក្នុងការកសាងសន្តិភាពយូរអង្វែងក្នុងប្រទេសកម្ពុជានិងសកលលោក។
ចំពោះគោលនយោបាយ (ការពារនិងឆ្លើយតប ទៅនឹងឧក្រិដ្ឋកម្មឃោរឃៅ) វិញនោះសន្និសីទមានគោលបំណងបង្កើតជាយុទ្ធនាការនានា ក្នុងការធានាថារដ្ឋាភិបាលនៅជុំវិញពិភពលោក នឹងដាក់បញ្ចូលការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅទៅក្នុងកម្មវិធីសិក្សាផ្លូវការថ្នាក់ជាតិ កម្រិតវិទ្យាល័យរបស់ខ្លួន។ អ្នកចូលរួម នឹងពិភាក្សាអំពីវិធីសាស្រ្តសហការរួមគ្នាឈានទៅសម្រេចបានការប្តេជ្ញាចិត្តពីសំណាក់កងកម្លាំងយោធាជុំវិញពិភពលោក ក្នុងការដាក់បញ្ចូលការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅជាសមាសភាពស្នូល ក្នុងការអប់រំវិជ្ជាជីវៈយោធា ដល់មន្ត្រីយោធា និងថ្នាក់ដឹកនាំជាន់ខ្ពស់យោធា។ ចំណុចសំខាន់បំផុតនោះគឺ សន្និសីទនឹងស្វះស្វែងបង្កើតជាយុទ្ធសាស្រ្ត ដើម្បីបញ្ចូលការអប់រំអំពីឧក្រិដ្ឋកម្មឃោរឃៅ ទៅក្នុងគោល នយោបាយអភិវឌ្ឍន៍អន្តរជាតិ តាមរយៈការជំរុញឲ្យប្រទេសផ្តល់ជំនួយ ធ្វើការដាក់លក្ខខណ្ឌទៅលើប្រទេសទទួលជំនួយ អភិវឌ្ឍកម្មវិធីសិក្សាអប់រំឧក្រិដ្ឋកម្មឃោរឃៅមួយដែលអាចជឿទុកចិត្តបាននៅក្នុងប្រព័ន្ធសិក្សាអប់រំរបស់ខ្លួន។
សាលយុត្តិតេជោនេះ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយ ទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា នៅក្នុងការប្រឈមមុខនឹងអតីតកាលដ៏ខ្មៅងងឹត តាមរយៈការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍ ដោយមានកិច្ចសហការគាំទ្រពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្ត។ នេះគឺជាទីតាំងដ៏សក្តិសមបំផុតមួយ ដែលប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់វ័យ ក៏ដូចជាសហគមន៍អន្តរជាតិ អាចមករៀបចំសកម្មភាពនិងកម្មវិធីផ្សេងៗ ដើម្បីរៀនសូត្រពីប្រវត្តិសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅក្នុងការទប់ស្កាត់ការកកើតឡើងវិញនៃអំពើប្រល័យពូជសាសន៍។
សម្រង់ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថ្លែងក្នុងពិធីបិទសន្និសីទលើកទី១ ក្រោមប្រធានបទ “អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ” ដែលប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។
ថ្ងៃទី០១ៈ ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤
ថ្ងែទី០២ៈ ថ្ងៃអង្គារ៍ ទី២១ ខែឧសភា ឆ្នាំ២០២៤
ក្រុមពិភាក្សាលើប្រធានបទនីមួយៗ/វគ្គចែកជាក្រុម៖ ប្រវត្តិសាស្ត្រផ្ទាល់មាត់, យុត្តិធម៌, ការអប់រំពីអំពើប្រល័យពូជសាសន៍, សុខភាព (ផ្លូវចិត្ត និងផ្លូវកាយ)
ថ្ងែទី០៣ៈ ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤
វាគ្មិនកិត្តយស
ពិព័រណ៍
សវនាការ ៖ រយៈពេល១៦ឆ្នាំ នៃដំណើរការរបស់
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា
ទីប្រឹក្សាជាន់ខ្ពស់របស់មជ្ឈមណ្ឌលឯកសារកម្ពុជា និងជា
ព្រឹទ្ធបុរស មហាវិទ្យាល័យហាល់មីលតុន លូហ្គា សិក្សាអន្តរជាតិ និងកិច្ចការសកល
នៃសាកលវិទ្យាល័យ អីនឌីអាណា (សហរដ្ឋអាមេរិក)
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ប្រទេសកម្ពុជាត្រូវបានទទួលរងនូវអំពើនិទណ្ឌភាពដោយគ្មានដែនកំណត់។ ស្ថាបនិកនៃឧក្រិដ្ឋកម្មដ៏ឃោរ ឃៅបំផុតក្នុងប្រវត្តិសាស្ត្រ មួយចំនួនមិនត្រូវបាននាំយកមកកាត់ទោស ដោយដំណើរការតាមផ្លូវច្បាប់ដែលអាចទុកចិត្តបាន។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានការធុញទ្រាន់ នឹងការឈឺចាប់ ដោយមានក្តីសង្ឃឹមតិចតួចសម្រាប់ការស្វែងរកយុត្តិធម៌។ ក្តីសង្ឃឹមរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានកើតមានឡើងវិញ បន្ទាប់ពីមានការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅឆ្នាំ២០០៤ ដែលជាសាលាក្តីរៀប ចំនិងដំណើរការដោយរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានបង្កើតឡើងដើម្បីផ្តល់យុត្តិធម៌ចំពោះ អំពើដ៏ឃោរឃៅរបស់របបខ្មែរក្រហម រួមមានអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានស្វាគមន៍យ៉ាងលើសលប់ចំពោះសាលាក្តីនេះ ថាគឺជាឱកាសមួយដើម្បីជំរុញឲ្យមានការពិត យុត្តិធម៌ និងការផ្សះផ្សាជាតិ។
ដំណើរការរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានលាតត្រដាងក្នុងរយៈពេលជាច្រើនឆ្នាំ។ ព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ អ្នកស៊ើបអង្កេត ចៅក្រម មេធាវី និងបុគ្គលិក បានបង្កើតនូវវិធានការណ៍ និងនីតិវិធីដ៏ស្មុគស្មាញមួយ ដើម្បីគ្រប់គ្រងតុលាការ “ចម្រុះ” ដ៏ស្មុគស្មាញមួយនេះ។ បន្ទាប់មក ក្រុមអ្នកស៊ើបអង្កេតបានចេញទៅស៊ើបអង្កេតឧក្រិដ្ឋកម្មជាច្រើន នៃរបបខ្មែរក្រហម។ សំណុំរឿងទី១ គឺផ្តោតទៅលើអំពើឃោរឃៅនៅមន្ទីរសន្តិសុខស-២១ ដ៏ល្បីអសោចនៅទួលស្លែង ដែលដឹកនាំដោយ កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ការកាត់ក្តីដ៏មានរយៈពេលយូរនៅក្នុងសំណុំរឿងនេះ បានបង្ហាញនូវឯកសារ និង ភ័ស្តុតាងកោសល្យវិច្ច័យយ៉ាងច្រើន ព្រមទាំងសក្ខីកម្មដោយសាក្សីអ្នកជំនាញ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមប្រកបដោយសេចក្តីក្លាហានមួយចំនួន។ នៅក្នុងឆ្នាំ ២០១០ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានកាត់ទោស ឌុច ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការធ្វើមនុស្សឃាត និងការធ្វើទារុណកម្ម ដែលជាសាលក្រមដ៏គួរឱ្យទុកចិត្តជាលើកដំបូងក្នុងរយៈពេលជាង៣០ឆ្នាំ សម្រាប់អំពើឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យ។ សំណុំរឿងទីពីររបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានផ្តោតទៅលើឧក្រិដ្ឋកម្មជាច្រើននៅ ទូទាំងប្រទេស ដែលបានប្រព្រឹត្តដោយមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម។ ការកាត់ក្តីលើកដំបូងនៅក្នុងសំណុំរឿងនេះគឺជារឿងស្មុគស្មាញ ដោយសារមានជនជាប់ចោទច្រើននាក់ ការស៊ើបអង្កេតយ៉ាងទូលំទូលាយ និងការចូលរួមពី “ដើមបណ្តឹងរដ្ឋប្បវេណី” រាប់ពាន់នាក់ ដែលនៅរស់រានមានជីវិតតំណាងឱ្យការកាត់ទោស ដែលជាផ្នែកមួយនៃការឈានមុខរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រាប់ការចូលរួមរបស់ជនរងគ្រោះដ៏ច្រើនបង្អស់។ ជនជាប់ចោទពីររូប ក្នុងចំណោមជនជាប់ចោទទាំងបួនរូប មិនត្រូវបានទទួលសាលក្រមដាក់ទោសទណ្ឌនោះទេ។ អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម ត្រូវបានតុលាការរកឃើញថា មិនមានកាយសម្បទាគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ ដោយសារមានជំងឺវង្វេង ហើយស្វាមីរបស់គាត់ឈ្មោះ អៀង សារី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម បានទទួលមរណភាពក្នុងអំឡុងពេលសវនាការដែលចំណាយពេលយ៉ាងយូរមួយនេះ។ ជនជាប់ចោទនៅរស់ពីររូប ដែលជាមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមគឺ នួន ជា និង ខៀវ សំផន ត្រូវបានកាត់ទោសពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងឆ្នាំ២០១៤។ នៅក្នុងការកាត់ក្តីលើកទីពីរ ជនជាប់ចោទទាំងពីរ ត្រូវបានរកឃើញដោយអង្គជំនុំជម្រះសាលាដំបូងថា មានពិរុទ្ធភាពពីឧក្រិដ្ឋកម្មអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ក៏ប៉ុន្តែមានតែ ខៀវ សំផន ប៉ុណ្ណោះដែលនៅរស់រានមានជីវិត ដើម្បីទទួលការផ្តន្ទាទោសនៅ បណ្តឹងឧទ្ធរណ៍នៅចំពោះមុខតុលាការកំពូល។
មានប្រតិកម្មចម្រុះពីអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអំពីដំណើរការរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ប្រជាជនជាច្រើនបានកោតសរសើរ និងទទួលបានអត្ថប្រយោជន៍ពីឱកាសដើម្បីចូលរួមក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី ហើយអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខ្លះទៀតបានចូលរួមក្នុងដំណើរការ ដោយការចែករំលែករឿងរ៉ាវរបស់ខ្លួន។ ប្រជាជនជាច្រើនទៀត ក៏បានតាមដានដោយផ្ទាល់នៃដំណើរការនេះនៅក្នុងសាលសវនាការដ៏ធំទូលាយរបស់ អ.វ.ត.ក. ហើយប្រជាជនផ្សេងទៀតក៏បានចូលរួមក្នុងដំណើរការនេះ តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយជាប្រចាំដែលរៀបចំដោយសាលាក្តី និង ដៃគូអង្គការក្រៅរដ្ឋាភិបាលរបស់ខ្លួន។ ប្រជាជនជាច្រើនបានសាទរភាពយុត្តិធម៌ នៅពេលដែលតុលាការប្រកាសសាលក្រម ហើយបានកោតសរសើរចំពោះសំណងសមូហភាព និងសំណងផ្លូវចិត្ត ដែលតុលាការបានផ្តល់ឲ្យតាមរយៈការសហការជាមួយអង្គការសង្គមស៊ីវិល។ ក៏ប៉ុន្តែ រយៈពេល ភាពស្មុគស្មាញ និងការផ្តោតទៅលើផ្នែកច្បាប់មានកម្រិត នៃដំណើរការនីតិវិធីក៏បានធ្វើឱ្យអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមួយចំនួនមានការខកចិត្ត។ អ្នកនៅរស់រានមានជីវិតពីរបបខ្មែរក្រហម ជាច្រើនបានបាត់បង់ជីវិត ដោយមិនបានឃើញមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមត្រូវបាននាំយកមកកាត់ទោស។ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមផ្សេងទៀត បានសោកស្ដាយចំពោះការដែលអ្នកទទួលខុសត្រូវមានចំនួនតិចតួចត្រូវបានចោទប្រកាន់ ហើយនិងចង់បានដំណើរការដែលផ្តោតបន្ថែមទៀត ទៅលើឧក្រិដ្ឋកម្មដែលខ្លួនគាត់ផ្ទាល់បានជួបប្រទះ និងបានឃើញជារៀងរាល់ថ្ងៃ។ អ្នកខ្លះយល់ឃើញថា សាលាក្តីនេះជារឿងនយោបាយ។ សូម្បីតែអ្នកដែលគាំទ្របំផុតនៃដំណើរការរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានមើលឃើញថា វាគ្រាន់តែជាទិដ្ឋភាពមួយនៃដំណើរស្វែងរកយុត្តិធម៌ដ៏ទូលំទូលាយមួយ។
ការតាំងពិព័រណ៍១៦ផ្ទាំង ដែលផ្ទាំងនីមួយៗតំណាងឱ្យរយៈពេលមួយឆ្នាំនៃដំណើរការរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ផ្ទាំងទាំងអស់នេះបង្ហាញចំណុចសំខាន់ៗអំពីភាពជោគជ័យ និង ភាពខ្វះខាតនៃដំណើរការការកាត់សេចក្តី។ កាលប្បវត្តិនៃការស៊ើបអង្កេតរបស់តុលាការដែលមិនធ្លាប់មានពីមុនមកលើឧក្រិដ្ឋកម្ម នៃរបបកម្ពុជាប្រជាធិបតេយ្យ ការចោទប្រកាន់ទៅលើ មេដឹកនាំជាន់ខ្ពស់របបខ្មែរក្រហម ការកាត់ក្តីដ៏ចម្រូងចម្រាស និងសាលក្រមជាប្រវត្តិ សាស្រ្ត។ ការតាំងពិព័រណ៍នេះក៏បង្ហាញពីដែនកំណត់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដូចជាយុត្តាធិការចង្អៀត និងឧបសគ្គលើការរៀបចំសម្រាប់ការចូលរួមរបស់ជនរងគ្រោះ។ ផ្ទាំងពិព័រណ៍នេះក៏បានបង្ហាញអំពីបញ្ហាប្រឈមរបស់សាលាក្តី ដោយរួមមានការខ្វែងគំនិតគ្នាលើផ្លូវច្បាប់ បញ្ហាប្រឈមផ្នែករដ្ឋបាល និងការមិនស្របគ្នាក្នុងការកាត់ទោសជាបន្ថែមទៀត។ ជារួម គឺផ្ទាំងពិព័រណ៍នេះបង្ហាញពីដំណើរការរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ថាជាជំហានដ៏សំខាន់មួយនៅក្នុងការស្វែងរកយុត្តិធ៌មនៃអំពើប្រល័យពូជសាសន៍ជូនដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ប៉ុន្តែជាដំណើរការមួយនៅមានកម្រិត និងមិនល្អឥតខ្ចោះ។ កាលប្បវត្តិនៃបទពិសោធន៍របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នេះបានចង្អុលបង្ហាញអំពីតម្រូវការបន្តជំរុញក្នុងការវិនិយោគទៅលើការចងចាំនៃប្រវត្តិសាស្ត្រ និងយុត្តិធម៌នៅប្រទេសកម្ពុជា៕
គម្រោងឃ្លាំមើលសាលាក្តីខ្មែរក្រហម៖ បទសម្ភាសន៍ជាមួយ ហ៊ីម ហ៊ុយ អតីតឆ្មាំគុកនៅមន្ទីរសន្តិសុខ ស-២១ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១០
អ្នកដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃរបបខ្មែរក្រហម ដែលត្រូវបានចោទពីបទរំលោភបំពានលើច្បាប់អន្តរជាតិ និងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ប្រព្រឹត្តឡើងនៅក្នុងអំឡុងរបបប្រល័យពូជសាសន៍ ប៉ុល ពត (ចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ និងថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩)
ពីឆ្វេងទៅស្តាំ៖ ប៉ុល ពត លេខាបក្សកុម្មុយនីស្ត និងជានាយករដ្ឋមន្ត្រី(របបកម្ពុជាប្រជាធិបតេយ្យ), នួន ជា អនុលេខាបក្ស, អៀង សារី រដ្ឋមន្ត្រីការបរទេស, សុន សេន រដ្ឋមន្ត្រីការពារជាតិ និង វន វេត ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីសេដ្ឋកិច្ច។ (ទីពីរពីខាងស្តាំ ជួរទីមួយ) ចេង អន រដ្ឋមន្ត្រីឧស្សាហកម្ម និង(ទីបីពីខាងស្តាំ ជួរទីមួយ) កុយ ធួន រដ្ឋមន្ត្រីពាណិជ្ជកម្ម។ បុគ្គលដទៃទៀតនៅក្នុងរូបថតនេះ គឺជាកងការពារខ្មែរក្រហម ដែលមិនអាចកំណត់អត្តសញ្ញាណបាន។
ត្រៀមខ្លួនស្វែងរកយុត្តិធម៌
សន្និសីទលើកទី១
អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍
ការពារ និងការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព
ថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤
សាលយុត្តិតេជោ បញ្ជាការដ្ឋានកងទ័ពជើងគោក
កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ
(អតីតសាលសវនាការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា)
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ហ្វេសប៊ុក យូធូប គេហទំព័រ ទិកតុក ខ្មែរថាមស៍ ទស្សនាវដ្ឋីការទូត របាយការណ៍ ទស្សនាវដ្ឋីភាសាបារាំង ខេមបូចាញ៉ូវ ហ្វ័រស៊ី ថូម៉ាស ឡាភ័ញ
និមិត្តសញ្ញាសម្រាប់សន្និសីទ «អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍» សំយោគគំនិតចេញពីស្តូបអនុស្សាវរីយ៍ស្ថិតនៅក្នុងស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលឧទ្ទិសដល់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ស្តូបនេះ សាងសង់ឡើង ដើម្បថ្វាយព្រះរាជកិត្តិយសចំពោះសម្តេចព្រះបរមរតនកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះបូជនីយកិច្ចការពារព្រះបូរណភាពទឹកដីនៅក្នុងខេត្តស្ទឹងត្រែង និងព្រះរាជកិច្ចចូលរួមចំណែករបស់ព្រះអង្គចំពោះជាតិមាតុភូមិ។ ស្តូបអនុស្សាវរីយ៍នេះ មានទីតាំងស្ថិតនៅក្បែរព្រំដែនកម្ពុជា-ឡាវ ដោយត្រូវបានកសាងឡើង នៅក្នុងសម័យសង្គមរាស្ត្រនិយមក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅពេលដែលសម្តេចព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរ រាជានុញ្ញាតសាងសង់ស្តូបអនុស្សាវរីយ៍នេះឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ព្រះអង្គ បានព្រះរាជចាត់តាំងក្រុមគ្រួសារទាហានចំនួន ១៥០គ្រួសារ ទៅស្នាក់អាស្រ័យនៅក្នុងតំបន់នេះ ដោយដើរតួនាទីជាកងកម្លាំងស្នូលជួរមុខ ក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។ ក្រុមគ្រួសារទាហានទាំងនេះ ដែលត្រូវបានបញ្ជូនទៅទីតាំងខាងលើនាពេលនោះ នៅតែបន្តរស់នៅក្នុងតំបន់នេះដដែលមកទល់ពេលបច្ចុប្បន្ន។ កាយវិការនេះ មិនមែនត្រឹមតែសបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏ស្មោះស្ម័គ្ររបស់ក្រុមគ្រួសារទាហានទាំងអស់ ចំពោះតំបន់នេះតែប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជាគំរូនៃជោគជ័យយូរអង្វែងក្នុងការការពារដែនអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងតំបន់បូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
និមិត្តសញ្ញាសន្និសីទ រចនាដោយ
© ទិត្យ សត្យាវង្ស & ហ៊ូ លីហ្សា, រក្សាសិទ្ធិឆ្នាំ២០២៤
គោលគំនិត និងការរចនាគេហទំព័រ ដោយ
ឆាំង យុ & អ៊ាន បញ្ញាឫទ្ធិ, រក្សាសិទ្ធិឆ្នាំ២០២៤